Translate

ការ៉ុត​ជួយ​ទប់ស្កាត់​រោគ​មហារីក​សួត​

ពណ៌​ទឹកក្រូច​ដ៏​ស្រស់​របស់​មើម​ការ៉ុត មិនមែន​គ្រាន់តែ​ជា​ពណ៌​ម្យ៉ាង​ជួយ​ឲ្យ​មានការ​ទាក់ទាញ​ក្នុង​រឿង​សោភ័ណភាព​តែប៉ុណ្ណោះ​ទេ ព្រោះ​ការពិត​ពណ៌​ដ៏​ស្រស់​នេះ ជា​អាវ​ក្រោះ​ការពារ​រោគ​មហារីក​សួត​យ៉ាង​ពូកែ​បំផុត​។​

​ពណ៌​លឿង​ស្រស់​របស់​ការ៉ុត បានមកពី​បេ​តា​ការ៉ូ​ទីន ដែលជា​សារជាតិ​ម្យ៉ាង​នៅក្នុង​ក្រុម​ការ៉ូ​ទីន ដែល​រាងកាយ​អាច​បំប្លែង​ជា​វីតាមីន C ។

 ដូច្នេះ​តើ​អាច​ការពារ​រោគ​មហារីក​នេះ​បាន​ដោយ​របៀប​ណា​?

​នៅក្នុង​ឆ្នាំ​១៩៨១ លោក​វេជ្ជបណ្ឌិត រី​ឆាត ឆា​គែល (Richard Chakell) អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​ពី​សាកលវិទ្យាល័យ​តិច​សាស់ (​អាមេរិក​) និង​ក្រុមការងារ​បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាពលរដ្ឋ ២.០០០ នាក់ ដោយ​ស្រាវជ្រាវ​ថយក្រោយ ទៅកាន់​ឆ្នាំ​១៩៥៧​ថា តើ​ពួកគេ​បាន​បរិភោគ​អាហារ​អ្វីខ្លះ​ក្នុង​ចំនួន ១៩៥ ប្រភេទ​ដែល​បានកំណត់​ទុក និង​មាន​នរណា​ខ្លះ​កើតរោគ​មហារីក​សួត​។​
​លទ្ធផល​ស្រាវជ្រាវ បាន​រកឃើញថា អ្នក​បរិភោគ​អាហារ​ដែលមាន​ជាតិ បេ​តា​ការ៉ូ​ទីន​ច្រើន អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​រោគ​មហារីក​សួត ក្នុងនោះ​ទោះបី​អ្នក​ជក់បារី​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយចុះ​។​
​ចំណែក​អ្នក​បរិភោគ​អាហារ ដែលមាន​ជាតិ​បេ​តា​ការ៉ូ​ទីន​តិច​បំផុត និង​ប្រឈម​រោគ​មហារីក​សួត​ច្រើនជាង​អ្នក​ដែល​បាន​បរិភោគ​ច្រើន​បំផុត ដល់​៧​ដង​ឯណោះ​។ ក្រៅពីនេះ ក្រុម​ពិសោធន៍​រកឃើញ​ទៀតថា អ្នក​ដែល​ឈប់​ជក់បារី ២-៩ ឆ្នាំ តែ​បានទទួល​សារជាតិ​ការ៉ូ​ទីន ក្នុង​កម្រិត​ទាប​និង​ប្រឈម​ជាមួយ​ជំងឺមហារីក​បំពង់​អាហារ ខ្លាំង​ជាង​អ្នក​ដែល​បាន​បរិភោគ​ផ្លែឈើ ដែលមាន​ជាតិ​ការ៉ូ​ទីន​ខ្ពស់​រហូតដល់ ៥ ដង​ទៀតផង​។​

​ក្នុង​មើម​ការ៉ុត​ទម្ងន់ ១០០​ក្រាម មាន​ការ៉ូ​ទីន ៣,២៦ មិ​ល្លី​ក្រាម​។ គេ​បាន​ណែនាំ​ថា ការទទួល​ទាន​មើម​ការ៉ុត​ក្នុង​មួយថ្ងៃ​មួយ​មើម អាច​ការពារ​ជំងឺមហារីក​សួត​បាន​។ លើសពីនេះ​ទៀត ក៏​នៅមាន​វីតាមីន A វីតាមីន B6 វីតាមីន C និង​កាក​សរសៃ​អាហារ​ទៀតផង​។ ចំណែក​ប្រយោជន៍​ដែល​ទទួលបាន​វិញ ក្នុង​រឿង​សុខភាព ជួយ​បង្កើត​ខ្លាញ់​នៅក្នុង​ថ្លើម ជួយ​សម្រួល​ការងារ​ថ្លើម​បាន​កាន់តែ​ល្អ និង​ជួយ​ព្យាបាល​អាការ​ស្រវាំងភ្នែក​។​

​មើម​ការ៉ុត​ដែលមាន​គុណភាព​ល្អ គឺ​មើម​មិន​ង សម្បុរ​ស្រស់​គ្មាន​ស្នាម​ជាំ​។ គួរ​រក្សា​ការ៉ុត​ក្នុង​ទូទឹកកក​ឲ្យ​ឆ្ងាយ​ពី​ផ្លែ​ប៉ោម ព្រោះ​ឧស្ម័ន​អេ​ទី​ឡែ​ន (Ethylence) ដែល​ភាយ​ចេញពី​ផ្លែ​ប៉ោម នឹងធ្វើ​ឲ្យ​ការ៉ុត​មាន​រសជាតិ​ល្វីង​៕

No comments:

Post a Comment