.jpg)
អ្នកស្រាវជ្រាវបាននិយាយថា ទោះបីជាវាគឺជារឿងទូទៅមួយ និងជារឿយៗអាចធ្វើអោយទន់ខ្សោយផ្នែករាងកាយក៏ដោយ, ប៉ុន្តែការឈឺក្បាលប្រកាំងមិនត្រូវបានទាក់ទងនឹងការថយចុះជំនាញនៃការគិតនោះទេ។
ការស្រាវជ្រាវពីមុនទៅលើការឈឺក្បាលប្រកាំង និងការថយចុះការយល់ដឹងគឺជាការស្រាវជ្រាវមួយតូច និងមិនអាចកំណត់ពីទំនាក់ទំនងរវាងវាទាំងពីរបាននោះទេ។ ផាមឺរឡា រីស(Pamela Rist) ជាអ្នកស្រាវជ្រាវដែលមកពីមន្ទីរពេទ្យ Bringham និង Women បាននិយាយថា ការស្រាវជ្រាវរបស់យើងគឺជាការស្រាវជ្រាវមួយធំគ្រប់គ្រាន់ដើម្បីទាញយកការសន្និដ្ឋានដែលថា ការឈឺក្បាលប្រកាំងមិនត្រូវបានទាក់ទងខ្លាំងទៅនឹងការថយចុះការយល់ដឹងនោះទេ។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើស្ត្រីជន៤០.០០០នាក់ដែលមានអាយុលើសពី៤៥ឆ្នាំ។ ពួកគេបានវិភាគទៅលើព័ត៌មានថ្មីៗដែលបានប្រមូលលើស្ត្រីជាង៦.៣០០នាក់ទៅលើស្ថានភាពនៃការឈឺក្បាលប្រកាំងរបស់ពួកគេ។ យោងទៅតាមព័ត៌មាននេះ, ស្ត្រីត្រូវបានគេចែកទៅជា៤ក្រុមៈ ដែលក្រុមទី១គឺក្រុមមិនមានប្រវត្តិមានជំងឺប្រកាំង, ក្រុមទី២គឺជាក្រុមមានជំងឺប្រកាំងគួបផ្សំនឹងរោគសញ្ញាអោយដឹងមុន(ជាធម្មតាគឺជាបញ្ហានៃគំហើញ), ក្រុមទី៣គឺជាក្រុមដែលមានជំងឺប្រកាំងដែលមិនមានរោគសញ្ញាអោយដឹងមុន និងក្រុមទី៤ គឺជាក្រុមដែលធ្លាប់មានប្រវត្តិនៃជំងឺប្រកាំងនេះពីមុនមក។ រៀងរាល់២ឆ្នាំឡើងទៅរហូតដល់៦ឆ្នាំ ស្ត្រីបានធ្វើតេស្តនៃការយល់ដឹង និងការគិតរបស់ពួកគេ។
រីសបានពន្យល់ថា ធៀបទៅនឹងស្ត្រីដែលមិនមានប្រវតិ្តនៃជំងឺប្រកាំង, អ្នកដែលមានជំងឺប្រកាំងដែលគួបផ្សំ ឬមិនគួបផ្សំនឹងមានរោគសញ្ញាដឹងមុនក៏ដោយ មិនមានអត្រាខុសប្លែកគ្នានៃការថយចុះការយល់ដឹងនោះទេ។ នេះគឺជាការស្រាវជ្រាវដែលសំខាន់សម្រាប់គ្រូពេទ្យជំនាញ និងអ្នកជំងឺ។ អ្នកជំងឺដែលមានជំងឺឈឺក្បាលប្រកាំង និងការព្យាបាលរបស់គ្រូពេទ្យគួរតែត្រូវបានធានាថា ជំងឺឈឺក្បាលប្រកាំងមិនអាចមានផលវិបាករយៈពេលយូរលើមុខងារនៃការយល់ដឹងនោះទេ។
អ្នកស្រាវជ្រាវបានបន្ថែមថា ការស្រាវជ្រាវបន្ថែមគឺជារឿងចាំបាច់ដើម្បីអង្កេតមើលពីការប៉ះពាល់នៃជំងឺឈឺក្បាលប្រកាំងលើខួរក្បាល និងដើម្បីផ្តល់ភាពប្រសើរឡើងដល់យុទ្ធសាស្ត្រនៃការព្យាបាល។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុង BMJ។
No comments:
Post a Comment